វគ្គបណ្តុះបណ្តាលស្តីពីអាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន

កាលពីថ្ងៃទី ២៩​ ដល់ ៣០ ខែ ឧសភា ឆ្នាំ ២០១៥ ក្រុមការងារ NCDDS សហការជាមួយក្រសួងកិច្ចការនារី ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីអាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដល់មន្រ្តី ទទួលបន្ទុកយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក និងទីប្រឹក្សាគម្រោងសរុប៤៧នាក់ (ស្រ្តី៣៥នាក់) នៅសាលប្រជុំរបស់ភោជនីយដ្ឋានម្លប់ស្វាយធំ ខេត្តកំពង់ធំ។ គោលបំណងវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ចំនេះដឹងមូលដ្ឋានគ្រឹះអាហារូបត្ថម្ភដល់មន្រ្តីស្រុកទទួលបន្ទុកយេនឌ័រ អោយសិក្ខាកាមចេះរៀបចំអាហារបន្ថែម (បបរខាប់គ្រប់គ្រឿង) សម្រាប់កុមារតូច និងរៀបចំកិច្ចតែងការមេរៀនមូលដ្ឋានគ្រឹះអាហារូបត្ថម្ភដែលមានលក្ខណៈសមស្របសម្រាប់បណ្តុះបណ្តាលបន្តដល់អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ។ ប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលសំខាន់ៗរួមមាននិយមន័យអាហារ និងអាហារូបត្ថម្ភប្រភេទអាហារមុខងាររបស់អាហារទាំង ៣ក្រុមប្រភព និង​ តួនាទីនៃជីវជាតិ និងរ៉ែខនិជរបៀបរៀបចំអាហារពេលអោយបានល្អរបបអាហារប្រចាំថ្ងៃសម្រាប់ស្រ្តីក្នុងវ័យបន្តពូជ តម្រូវការអាហារសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនសុវត្ថិភាព និងអនាម័យចំណីអាហារ។

មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានចូលរួមរៀបចំកិច្ចតែងការបង្រៀន និងកំនត់ផែនការសម្រាប់បណ្តុះបណ្តាលបន្ត ដែលប្រធានបទទាំងនេះសម្រប សម្រួលដោយក្រុមការងារមកពី NCDDS។ សិក្ខាកាមបានឯកភាពជាមួយគ្រូឩទ្ទេសក្រសួងកិច្ចការនារីដោយប្រើប្រាស់មាតិកាមេរៀន៖

  1. ការអាហារសំរាប់មាតា កុមារតូច ស្រ្តីបំបៅដោះកូន ស្រ្តីមានផៃ្ទពោះ និងកុមារឈឺ សុវត្ថិភាព និង​ អនាម័យចំណីអាហារដំបូន្មានពីការរៀបចំរបៀបធ្វើម្ហូបសម្រាប់កែលម្អអាហារបន្ថែម និងការដឹកនាំចម្អិនម្ហូប សម្រាប់បណ្តុះបណ្តាលបន្តដល់អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់។
  2. មូលដ្ឋានគ្រឹះនៃអាហារួបត្ថម្ភ​(ប្រភេទ និងប្រភពនៃអាហារ)  អនាម័យចំណីអាហារដំបូន្មានពីការរៀបចំរបៀបធ្វើម្ហូបសម្រាប់កែលម្អអាហារបន្ថែម និងការដឹកនាំចម្អិនម្ហូប សម្រាប់បណ្តុះបណ្តាលបន្តដល់សមាជិកក្រុមកែលម្អជីវភាព។

លទ្ធផលតេស្តមុន និងក្រោយវគ្គបណ្តុះបណ្តាល

មុនវគ្គៈ ខ្សោយ ១០ នាក់     មធ្យម ១៤ នាក់        ល្អបង្គួរ ​១៣ នាក់      ល្អណាស់ ០៣ នាក់

ក្រោយវគ្គៈខ្សោយ ០០នាក់  មធ្យម  ០៦នាក់        ល្អបង្គួរ ១១នាក់       ល្អណាស់ ២៣ នាក់

 

១. បទបង្ហាញស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ

២.​ គោលការណ៏ណែនាំវគ្គបណ្តុះបណ្តាលស្តីពីស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ