សាលារៀនចំការកសិករស្តីពី ការដាំដំណាំម្រះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP)
សាលារៀនចំការកសិករ ស្តីពី ការដាំដំណាំម្រះតាមគោលការណ៍ អនុវត្តកសិកម្មល្អ កំពុងបានដំណើរការ នៅក្នុងភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីកសិករចំនួន២៥នាក់ (ស្រី្ត ១៤នាក់)។ ក្នុងចំណោមកសិករចូលរួម មាន៤នាក់ (ស្ត្រី១ នាក់) ជាសមាជិកក្រុមកែលម្អជីវភាព (លីគ)។
គោលបំណងរបស់សាលារៀនចំការកសិករនេះ គឺ ផ្តល់ចំណេះធ្វើ ដល់កសិករចូលរួម អំពីបច្ចេកទេសដាំបន្លែម្រះ ដើម្បីទទួលបានផ្លែម្រះ មានទិន្នផលខ្ពស់ ហើយ មានសុវត្ថិភាព-អនាម័យសម្រាប់ហូបខ្លួនឯង និង អ្នកប្រើប្រាស់ ដោយប្រើគោលការណ៍នៃការអនុវត្តកសិកម្មល្អ រួមបញ្ចូលជាមួយនឹងវគ្គផ្សេងៗនៃបច្ចេកទេសដាំម្រះ។
គោលការណ៍ទាំងនេះ ពាក់ព័ន្ធការធានាបាននូវសុវត្ថិភាព-អនាម័យផលិតផល ដែលផ្តោតទៅលើ ៖
១)-ការសិក្សាពីប្រវត្តិទីកន្លែងផលិត និង ការគ្រប់គ្រងទីតាំងផលិត,
២)-ការគ្រប់គ្រងការប្រើប្រាស់មានសុវត្ថិភាពនៃបំណែក/ប្រភពពូជដំណាំ ធាតុចូល ទឹក ជី-សារធាតុដាក់បន្ថែមក្នុងដី និង សារធាតុគីមី/ថ្នាំកសិកម្ម,
៣)-ការប្រមូលផល និងការរៀបចំទុកដាក់វេចខ្ចប់ផលិតផល និង
៤)-ការគ្រប់គ្រងឯកសារ និងកំណត់ត្រាស្ដីពីការប្រើប្រាស់វត្ថុធាតុដើម សម្ភារៈ សម្រាប់ឲ្យងាយតាមរកដានប្រភព និង ប្រមូលមកវិញ(ផលិតផល)។
សាលារៀននេះ បានចាប់ផ្ដើមកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ ហើយប្រព្រឹត្តិទៅ ១០វគ្គ (ព្រឹត្តិការណ៍) មួយសប្ដាហ៍ម្តងៗ គ្រោងទៅតាមដំណាក់កាលលូតលាស់ របស់ដំណាំម្រះ ដែលលាតសន្ធឹងលើរយៈពេលសរុប ចំនួន ១០សប្តាហ៍។
ប្រធានបទសម្រាប់ព្រឹត្តិការណ៍រៀនតាមសប្តាហ៍និមួយៗ មាន៖
១)-ការធ្វើជីកំប៉ុស្តិគោកក្នុងថង់ប្លាស្ទិច,
២)- ការរៀបចំដីបណ្តុះ និងការបណ្ដុះកូនម្រះ,
៣)- ការរៀបចំដី និង រៀបចំរងដាំ (ដាក់ជីទ្រាប់បាត និង មានប្រព័ន្ធស្រោចស្រពដំណក់ទឹក),
៤)-ការដាំកូនម្រះ,
៥)-ការរៀបចំទ្រើង,
៦)-សត្វល្អិត និងវិធានការការពារ និងកំចាត់សត្វល្អិត,
៧)-ការថែទាំ (ដាក់ជីបំប៉ន ស្រោចស្រព្វ សត្វល្អិត… ),
៨)-ការកាត់ខ្នែងដំណាំ,
៩)- ការថែទាំ/រុំផ្លែ និង
១០)- ការប្រមូលផល, ចំណាត់ថ្នាក់ផ្លែ និង ការវេចខ្ចប់ ។
ក្នុងព្រឹត្តិការណ៍រៀនតាមសប្ដាហ៍នីមួយៗ កសិករចូលរួម ៖
១)- សិក្សាពីទ្រឹស្ដីបច្ចេកទេសដាំដំណាំម្រះ រៀបចំតាមដំណាក់កាលលូតលាស់របស់វា ដោយមានបញ្ចូលនូវខ្លឹមសារនៃការអនុវត្តកសិកម្មល្អ ដែលទាក់ទងនឹងដំណាក់កាលនិមួយៗនោះ,
២)- ការអនុវត្តធ្វើផ្ទាល់ក្នុងចំការបង្ហាញ ដោយហាត់ធ្វើជាក់ស្ដែងពីបច្ចេកទេសដាំម្រះ តាមវិធីសាស្ត្រអនុវត្តកសិកម្មល្អ សម្រាប់ប្រធានបទតាមសប្ដាហ៍/វគ្គនិមួយ, និង
៣)- ការចុះពិនិត្យចំការដើម្បីវិភាគប្រព័ន្ធក្សេត្របរិស្ថានដំណាំម្រះ។
ដើមខែ តុលានេះ កសិករបានចូលរៀនព្រឹត្តិការណ៍សប្ដាហ៍ទី ៨ ស្ដីពី ការថែទាំ (ការកាត់ខ្នែង រុំផ្លែ ) និង បន្តការដាក់ជីបំប៉ន ការស្រោចស្រព្វ ការពិនិត្យ និងវិធានការការពារ និង កំចាត់សត្វល្អិត)។ កសិករចូលរួម បានបន្តចុះមើលចំការម្រះផ្ទាល់ ដើម្បីពិនិត្យរកមើលការលូតលាស់របស់ដំណាំម្រះ តម្រង់ដើមម្រះ កាត់ខ្នែង រុំក្តិបម្រះ និងពិនិត្យតាមដាន សត្វល្អិត (កំណត់សត្វមានប្រយោជន៍ និង សត្វល្អិតបំផ្លាញដំណាំ) និង ពិភាក្សាពីវិធានការទប់ទល់សមស្រប។ ទន្ទឹមគ្នានេះដែរ គាត់ក៏បានចាប់ផ្ដើមប្រមូលផល (ផ្លែម្រះ) លើកទី១។
ការប្រមូលផល អាចបានច្រើនសារ រៀងរាល់ ២-៣ ថ្ងៃម្ដង សម្រាប់រយៈពេលជិតពីរខែ។ កសិករអាចលក់ ទាំងផ្លែម្រះ និង ត្រួយម្រះសម្រាប់ជាបន្លែស្លឹក។ នៅខែវស្សា/ភ្លៀងបែបនេះ ផ្លែម្រះ មានតម្លៃល្អ គឺ ប្រមាណជា ២៥០០ រៀល ក្នុង ១គីឡូក្រាម ជាតម្លៃបោះដុំ ឈ្មួញមកប្រមូលទិញដល់ផ្ទះ។
បើលោកអ្នកត្រូវការព័ត៌មានបន្ថែមស្ដីពីរបៀបដាំម្រះ និង បន្លែផ្សេងទៀត សូមទាក់ទងមន្ទីរកសិកម្មខេត្ត ឬ ការិយាល័យកសិកម្មស្រុកពញាក្រែក ឬក៏ ចូលទៅកាន់វេបសាយ www.tssdcambodia.org/ ។