សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្នុងខេត្តកំពង់ធំ

នៅព្រឹកថ្ងៃសុក្រ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ស្ថិតក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ បានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកប្រធានសម្របសម្រួលថ្នាក់ខេត្ត លោកនាយកគ្រប់គ្រងគម្រោង និងតំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គជអប) ព្រមទាំងក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងសមាជិកសមាជិកា ដែលជាសេវាករ មន្រ្តីកសិកម្មស្រុក មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ និងអ្នកពាក់ព័ន្ធទាំងអស់។ សិក្ខាសាលាផ្សព្វផ្សាយនេះ គឺផ្តោតសំខាន់លើការដាក់ឲ្យអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ផ្សព្វផ្សាយការចងក្រុមកែលម្អទីផ្សារសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម និងបង្កើននូវការយល់ដឹងថ្មីៗជូនដល់មន្ត្រីពាក់ព័ន្ធតាមរយៈការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការបង្កើតទីផ្សារកសិកម្មសម្រាប់កសិករ ការណែនាំគម្រូនៃការរៀបចំរបាយណ៍លទ្ធផល និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម។ ជាពិសេសក្រុមកែលម្អជីវភាព និងការសម្របសម្រួលរវាងអ្នកទិញ និងក្រុមកសិករផលិត ក្នុងគោលបំណងជួយដោះស្រាយទីផ្សារសម្រាប់កសិករតាមខេត្ត ស្រុក ឃុំ សង្កាត់គោលដៅនីមួយៗរបស់គម្រោង ( TSSD-AF)។

width=