សិក្ខាសាលាថ្នាក់ជាតិស្តីពី ការៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២១

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ក្រុមការងារអនុវត្តគម្រោងបានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន ប្រធានគ្រប់គ្រងគម្រោង (NCDDs) និងលោក ប្រាក់ ជាតិថូ ប្រធានគ្រប់គ្រងគម្រោង (MAFF) ព្រមទាំងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេវាករ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកពាក់ព័ន្ធក្នុងក្របខ័ណ្ឌគម្រោងទាំងអស់សរុបចំនួន២៩នាក់ ស្ត្រី០១នាក់ ។ សិក្ខាសាលាមានគោលបំណងពិភាក្សា ផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២១ ក្រោយបានបញ្ចប់សិក្ខាសាលាថ្នាក់ខេត្តរួចរាល់មក ដើម្បីពិនិត្យឡើងវិញនូវការពង្រីកវិសាលភាពសកម្មភាព ផ្សារភ្ជាប់នឹងថវិកា ក្នុងខេត្តគោលដៅទាំង៧ ដើម្បីបង្កើនកំណើនប្រាក់ចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ និងបន្ថែមសកម្មភាពទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មកសិកម្ម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងបង្កើនលទ្ធភាពទទួលបានទីផ្សារ ដែលនាំឲ្យកសិករមានជីវភាពកាន់តែប្រសើរជាងមុន មានប្រាក់ចំណូលកាន់តែខ្ពស់ នៅក្នុងខេត្តអនុវត្តគម្រោង៕

width=